ព្រៃវែង៖បន្ទាប់ពីមានកុមារីម្នាក់អាយុ ១១ឆ្នាំម្នាក់ បានស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្តាសាយបក្សីកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីៗ ក្រុមការងារអង្កេតស្រាវជ្រាវបន្ទាប់របស់ក្រសួងសុខាភិបាលបាន សហការជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរសុខាងភិបាលខេត្តព្រៃវែង បានចុះមូលដ្ឋានជាបន្ទាន់ដើម្បីប្រមូលយកវត្ថុសំណាកអ្នកប៉ះពាល់ជាមួយកុមារីដែលបានស្លាប់ដោយសារជំងឺផ្តាសាយបក្សី។
នេះបើតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញផ្សាយនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។
យោងតាមសេចក្តីជូនដំណឹងដដែលបានឲ្យដឹងថា នៅក្នុងចំណោមវត្ថុសំណាកទាំង ១២ដែលក្រុមការងារបានចុះប្រមូល និងស្រាវជ្រាវ ឃើញថាមាន ១សំណាកដែលមានផ្ទុកជំងឺផ្តាសាយបក្សី នោះគឺឪពុករបស់កុមារីរងគ្រោះដែលបានបាត់បង់ជីវិតនោះតែម្តង។
អ្នកឆ្លងក្នុងករណីទី២ ក្នុងខែកុម្ភៈ ឆ្នាំ២០២៣នេះ មានអាយុ ៤៧ឆ្នាំ រស់នៅភូមិរលាំង ឃុំរំលេច ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ខណៈដែលស្ថានភាពសុខភាពរបស់បុរសនេះ នៅមិនទាន់ចេញរោគសញ្ញាអ្វីគួរឲ្យកត់សម្គាល់នៅឡើយទេ។
សូមជម្រាបថា នេះជាករណីទី២ហើយ បន្ទាប់ពីប្រទេសកម្ពុជាមិនបានរកឃើញវត្ថមាននៃជំងឺនេះអស់រយៈពេល ៩ឆ្នាំមកហើយ។
ជាមួយគ្នានេះ ក្រសួងអប់រំបានអំពាវនាវដល់បងប្អូនទាំងអស់ ត្រូវលាងដៃឲ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹកស្អាតមុន និងក្រោយពេលបរិភោគអាហារ និងបន្ទាប់ពីប៉ះពាល់ជាមួយបសុបក្សី ដាក់សត្វបក្សីនៅឲ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺ ឬងាប់ និងរាល់សត្វបក្សីដែលយកមកធ្វើជាម្ហូបអាហារសម្រាប់បរិភោគ ត្រូវចម្អិនឲ្យបានឆ្អិនល្អ ហើយត្រូវរាយការណ៍ទៅអាជ្ញាធរសុខាភិបាលក្នុងករណីមានការសង្ស័យ និងស្វែងរកការព្យាបាលជាបន្ទាន់៕