ខេត្តស្ទឹងត្រែង÷មានភ្នំឈ្ងោកនិងល្អាងប្រុសស្រីមួយគូរនេះ ដែលមានខណៈសណ្ឋានរូបរាង គឺប្រហាក់ប្រហែលគ្នាដែរ ពោលគឺជាភ្នំក្រោមទឹកសមុទ្រ កាលពីអតីតដូចគ្នា ប៉ុន្តែភ្នំឈ្ងោកនៅខេត្តស្ទឹងត្រែងនេះ គឺសម្បូរទៅដោយកន្លែងទេសចរណ៍ច្រើនគួរសម អាចទាក់ទាញភ្ញៀវទេសចរណ៍មកកម្សាន្ត គួរជាទីទាក់ទាញ។
ដែលសុទ្ធតែផ្សារភ្ជាប់ជាមួយធម្មជាតិ ឬអាចនិយាបានថា: ដើរលេង១ថ្ងៃ ទៅ២ថ្ងៃសឹងតែមិនចង់សព្វ។
នេះបើយោងតាមរបាយការណ៍មន្ទីទេសចរណ៍ បញ្ជាក់បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះថា, ភ្នំឈ្ងោកនេះ គឺស្ថិតក្រោមការការពាររបស់សហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ស្ថិតក្នុងភូមិសាស្ត្រ ឃុំឆ្វាង ស្រុកថាឡាបរិវ៉ាត់ ចម្ងាយប្រមាណជា៣០គីឡូម៉ែត្រពីទីរួមខេត្តស្ទឹងត្រែង។
ក្នុងពេលផ្ដល់បទសម្ភាសនៅជិតជើងភ្នំឈ្ងោកនោះស្រាប់ លោកអ៊ំ ញាន ផន ប្រធានសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ បានឱ្យដឹងថា: នៅពេលភ្ញៀវទេសចរមកដល់ភ្នំឈ្ងោកនេះ ដំបូងពួកគេអាចចូលទៅមើលល្អាងសត្វប្រចៀវដ៏ធំសម្បើមមួយនៅក្នុងព្រៃក្រោមជើងភ្នំ ដែលនៅមិនឆ្ងាយពីបរិវេណជើងភ្នំនោះឡើយ។
ដើរក្រោមព្រៃឈើចូលទៅដល់ជិតមាត់រូង ក្លិនលាមកប្រចៀវឆ្អាបឈួល។ នៅពេលទៅដល់ល្អាងនេះ ឮសំឡេងប្រចៀវខ្ញៀវខ្ញាពីក្នុងរូង ខណៈមាត់ល្អាងឃើញថាមានថ្មច្រូងច្រាង សំយុងពីលើជាប់នឹងភ្នំ ដែលសឹកច្រោះដោយសារកម្លាំងទឹកសមុទ្របោកបុកកាលពីអតីត។
ចូលទៅក្នុងល្អាងជ្រៅបន្តិច កាន់តែងងឹតស្លប់ គួរឲ្យព្រឺព្រួច តែមិនមានគ្រោះអ្វីឡើយ ដោយភ្ញៀវត្រូវប្រើប្រាស់ពិលបំភ្នឺ ទើបងាយស្រួលក្នុងការដើរមើលគ្រប់សព្វបាន។
លោកអ៊ុញាន ផន បន្តថា: អាចចេញពីល្អាងប្រចៀវនេះហើយ ភ្ញៀវទេសចរណ៍អាចបន្តទៅទស្សនា ល្អាងបង-ល្អាងអូន ដោយឡើងតាមជណ្ដើរឈើរាងចោតស្របតាមចម្រាក់ថ្មភ្នំ មុនចូលទៅដល់មាត់ល្អាង។
ល្អាងទាំងពីរនេះគឺនៅដាច់ពីគ្នា តែនៅជិតគ្នាទេ នៅពេលចូលទៅដល់ខាងក្នុងគឺសីតុណ្ហភាពត្រជាក់ស្រឹប។
កំណកតំណក់ទឹកលាយថ្មកំបោរនៅក្នុងល្អាងនោះ បានបង្កើតជាមានរូបរាង្គ អវយុវមនុស្សប្រុស-ស្រី ដោយនៅល្អាងបង រូបនោះមានលក្ខណៈដូចរូបត្រឹមចង្កេះមនុស្សប្រុសអង្គុយសំយុងជើង ឬនៅក្បែរនោះដែរ (ក្នុងល្អាងបងដូចគ្នា) ក៏មានបាតុភូតកំណកដូចគ្នា ហើយបង្កើតបានជារូបក្បាលដំរីតូចល្មម។
ចំណែកនៅល្អាងអូនមានរូបអវយុវភេទស្រី ហើយសីតុណ្ហភាពត្រជាក់ហើយសើម ដោយហេតុទឹកជ្រាបច្រើនជាងល្អាងបង។
បើតាមលោកអ៊ំ ញាន ផន បានបញ្ចាក់ថា:ដោយសាររូបរាង និងលក្ខណៈពិសេសទាំងនេះហើយ ទើបអ្នកស្រុកសន្មតហៅឈ្មោះថា «ល្អាងបង-ល្អាងអូន»។
ក្រោយចុះពីល្អាងបង ល្អាងអូននោះមកដល់ជើងភ្នំវិញ ក៏ដើរបត់ស្ដាំ ហើយឡើងតាមជណ្ដើរឈើ និងបន្តឡើងតាមចម្រាក់ថ្មរដិបរដុបដោយលំបាកបន្តិច តោងតាមខ្សែពួរផង តោងដើមឈើផង ស្រវាខ្ញាំរោងថ្មផងនោះ។
ដើម្បីឡើងទៅកាន់ជ្រលងភ្ជាប់និស្ស័យ ដែលនៅជិតកំពូលភ្នំកម្ពស់ប្រមាណ១០០ម៉ែត្រ និងមើលទេសភាពព្រៃឈើដ៏ធំលាតឆ្ងាយដាច់កន្ទុយភ្នែក។
លោកអ៊ំប្រធានសហគមន៍បានបន្តទៀតថា: នៅពេលមើលទេសភាពទាំងនេះហើយ ភ្ញៀវទេសចរតែងចង់ភ្ជាប់និស្ស័យ តស៊ូឡើងតោងតាមជម្រាលថ្មច្រូងច្រាងខ្លីៗ ដើម្បីសម្រេចប្រាថ្នាទៅមើលជ្រលងថ្ម លើភ្នំរាងកោងដូចអង្រឹង ឬដូចស្ពាន ហើយនៅពេលដើរកាត់ជ្រលង ប្រហែល៥ជំហាននោះ គឺប្រៀបដូចភ្ជាប់អារម្មណ៍ពីម្ខាងទៅម្ខាង ហេតុនេះហើយទើបគេសន្មតហៅជ្រលងនោះថា «ជ្រលងភ្ជាប់និស្ស័យ»។
លោកអ៊ំ ញាន ផន បានរៀបទៀតថា: ក្រៅពីទីកន្លែងទេសចរណ៍ខាងលើនេះ ភ្នំឈ្ងោកក៏នៅមានទីកន្លែងទស្សនាច្រើនទៀត ដូចជា ល្អាងអន្សង ល្អាងឥសីសំណាក់ធម៌ ល្អាងលោកសឹង ការទស្សនាព្រៃព្រឹក្សា ទស្សនាសត្វព្រៃ ដូចជា ទន្សោង រមាំង សត្វស្លាបផ្សេងទៀតជាដើម។
ក្រោយពីភ្ញៀបទេសចរណ៍សទ្សនាបែបធម្មជាតិទាំងនេះហើយ ប្រជាសហគមន៍ក៏នៅមានបម្រើសេវាកម្ម ដូចជាជិះគោយន្ត ជិះម៉ូតូ ដើរទស្សនាកម្សាន្តព្រៃសហគមន៍ សេវាកម្មជូនភ្ញៀវ ទៅមើលទីផ្សេងៗដូចបានរៀបរាប់ខាងលើ ហើយប្រសិនបើភ្ញៀវទេសចរចង់ទទួលទានអាហារ សហគមន៍ ភ្ញៀវទេសចរណ៍ អាចតេទៅកម្មង់មុនបាន ពួកគាត់នឹងរៀបចំជូន។
ប្រជាសហគមន៍ រួមទាំងលោកអ៊ំប្រធានសហគមន៍ផង គឺសុទ្ធតែមានដូនតាជាជនជាតិដើមភាគតិចកួយ ប៉ុន្តែបច្ចុប្បន្នពួកគាត់និយាយភាសាខ្មែរ ជាមួយជីវភាពរស់នៅក៏មិនខុសពីជនជាតិខ្មែរយើងឡើយ។
ប្រធានសហគមន៍វ័យជាង៦០ឆ្នាំរូបនេះបានបញ្ជាក់ថា ការចូលរួមទៅទស្សនារបស់ភ្ញៀវទេសចរណ៍ និងការជួយជ្រោមជ្រែងពីសំណាក់អង្គការ កម្មវិធីផ្លាស់ប្តូរបទពិសោធន៍ អនុផលព្រៃឈើកម្ពុជា ហៅកាត់(NTFP-EP Cambodia) អង្គការ CEPA អង្គការ RECOFTC គឺបានចូលរួមជួយការពារព្រៃឈើ សត្វព្រៃបន្តទៅមុខទៀត បន្តនិរន្តរភាពបរិស្ថាន និងធនធានធម្មជាតិនៅសហគមន៍អេកូទេសចរណ៍ភ្នំជម្រកសត្វ ព្រមទាំងបានជួយមួយចំណែក ក្នុងជីវភាពរស់នៅរបស់បងប្អូនប្រជាសហគមន៍យើងផងដែរ៕