(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីណែនាំ ស្តីពីការក្រើនរំលឹកដល់ប្រជាពលរដ្ឋពីការអនុវត្តវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការចម្លងជំងឺកូវីដ១៩ ពិសេសប្រភេទអូមីក្រុងដល់ម្ចាស់អាជីវកម្ម និងប្រជាពលរដ្ឋ ចំនួន ០៤ចំណុច ដូចខាងក្រោម :
១– ត្រូវធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយតាមគ្រប់រូបភាព ដោយចុះណែនាំទីតាំងដែលមានការជួបជុំជា លក្ខណៈទ្រង់ទ្រាយធំ ដូចជានៅតាមទីផ្សារនានាត្រូវក្រើនរំលឹកប្រធានផ្សារ គណៈកម្មការផ្សារ ឱ្យ ធ្វើការផ្សព្វផ្សាយតាមមេក្រូ ដើម្បីដាស់តឿនអាជីវករ អតិថិជន ចេញ–ចូលផ្សារ ឱ្យពាក់ម៉ាស បាញ់ អាកុលឬលលាងដៃ វាស់កម្ដៅ រក្សាគម្លាតសុវត្ថិភាព ពិនិត្យប័ណ្ណចាក់វាំកំសាំងជាពិសេសត្រូវ រំលឹកពីវិធានការ “៣ការពារ ៣កុំ” របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ។
២– ចំពោះទីតាំងដែលប្រមូលផ្តុំមនុស្សច្រើនដូចជា កន្លែងរៀបចំពិធីមង្គលការ ភោជនីយដ្ឋាន ពិធីបុណ្យទាន កន្លែងកម្សាន្ត និងការជួបជុំ ប្រមូលផ្តុំផ្សេងៗដែលមានមនុស្សច្រើន ត្រូវណែនាំឱ្យរៀបចំកៅអីអង្គុយមានគម្លាតសុវត្ថិភាព ដោយមិនឱ្យលើសពី០៧នាក់ក្នុងមួយតុ និងត្រូវប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាលក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ–១៩ ដូចជាបាញ់អាកុល ដែលលាងដៃ វាស់កំដៅ រក្សាតម្លាតសុវត្ថិភាព និងពាក់ម៉ាស ហើយការដោ៖ម៉ាសចញក្នុងអំឡុងពេលទទួលទានអាហារ ត្រូវទុកដាក់ឱ្យបានត្រឹមត្រូវ និងត្រូវពាក់ម៉ាសវិញនៅពេលងើប ចេញពីតុ។ ទន្ទឹមនេះ៖ ត្រូវពិនិត្យប័ណ្ណចាក់វាំក់សាំង បើបុគ្គលណាមួយមិនបានចាក់វាក់សាំងឬហួស រយៈពេល៤ខែហើយ មិនបានទៅចាក់វាក់សាំងដូសទី៣ ឬដូសជំរុញដោយគ្មានមូលហេតុត្រឹមត្រូវ បុគ្គលនោះមិនអនុញ្ញាតឱ្យចូលទីតាំង ឬកន្លែងប្រារព្ធពិធីឡើយ ។
៣– ត្រូវធ្វើការក្រើនរំលឹកដល់មន្ត្រីបុគ្គលិក សិស្ស និស្សិត និងកៀរគរប្រជាពលរដ្ឋឱ្យទៅចាក់ វាំក់សាំងបង្ការជំងឺកូវីដ–១៩ ទាំងដូសមូលដ្ឋាន និងដួសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពរឹងមាំក្នុងសហគមន៍ និងចៀសវាងនូវមហន្តរាយសុខភាពសាធារណៈ ដែលធ្វើឱ្យប៉ះពាល់ ដល់សេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចសង្គម ។
៤– ត្រូវធ្វើការត្រួតពិនិត្យ និងជំរុញឱ្យប្រជាពលរដ្ឋទាំងអស់ បន្តការប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួន ហើយត្រូវចេះផ្លាស់ប្តូរទម្លាប់រស់នៅ ឱ្យស្របតាមតន្លងប្រក្រតីភាពថ្មីក្នុងបរិបទប្រយុទ្ធនឹងជំងឺ កូវីដ–១៩ សំដៅបង្ការ និងកាត់ផ្តាច់នូវខ្សែចម្លងវីរុសកូវីដ–១៩ ជាពិសេសពពួកមេរោគបំប្លែងថ្មី ប្រភេទអូមីក្រុង និងប្រភេទផ្សេងៗទៀត។
ក្នុងករណីរកឃើញបុគ្គលណាមួយ មិនអនុវត្តតាម ខ្លឹមសារនៃសេចក្ដីណែនាំនេះ ហើយប្រព្រឹត្តល្មើសនឹងវិធានការសុខាភិបាល ដើម្បីទប់ស្កាត់ការឆ្លង រាលដាលនៃជំងឺកូវីដ–១៩ បុគ្គលនោះនឹងត្រូវប្រឈមនឹងការពិន័យជាប្រាក់ស្របតាម ប្រការ ២ ន ប្រកាសអន្តរក្រសួងលេខ ១៧៨សហវ.ប្រក ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងសុខាភិបាល ស្តីពីការពិន័យជាប្រាក់ចំពោះបុគ្គល ឬ នីតិបុគ្គល ក៏ដូចជា ប្រឈមនឹងទោសដាក់ពន្ធនាគារ ស្របតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីវិធានការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ–១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀតដោយគ្មានការលើកលែងឡើយ។
ទទូលបានសេចក្ដីណែនាំនេះ នាយករដ្ឋបាលសាលារាជធានីភ្នំពេញ ស្នងការនគរបាលរាជធានីភ្នំពេញ មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ អភិបាល នៃគណៈអភិបាលខណ្ឌទាំង១៤ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ប្រធានមន្ទីរ–អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងភាគីពាក់ព័ន្ធទាំងអស់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ត្រូវសហការអនុវត្តតាមខ្លឹមសារនៃសេចក្ដីណែនាំនេះ ឱ្យមាន ប្រសិទ្ធភាព និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕